អេ​ត​វីន បក​ស្រាយ​រឿង​ កូន​ឥត​ខាន់ស្លា​​ជា​មួយ ឡុង ថាវ​រី

0
42

តារា​សម្ដែង​​លោក អែត​វីន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហោះ​សារ​លើ​​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​​ផ្អើល​ជា​ខ្លាំង ដោយ​​លោក​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ស្រី ​កញ្ញា ឡុង ថាវ​រី មាន​ផ្ទៃពោះ ទាំង​មិន​បាន​រៀប​ការ​ជា​មួយ​គ្នា។ តារា​ប្រុស​សាច់​ដុំ​រូប​នេះ បាន​អះអាង​​​ថា ការ​​បង្ហោះ​សារ​លើ ​Facebook កាល​ពី​ពេល​កន្លង​ទៅ ​គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ លោក​និង ​កញ្ញា ឡុង ថាវ​រី មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​ឡើយ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនលោក អេ​ត​វីន បាន​បង្ហោះ​សារ​​អម​ដោយ​រូប​ថត​ជា​ច្រើន​សន្លឹក​​ជា​មួយ​ តារា​ស្រី ឡុង ថាវ​រី ថា «អរគុណ​មួយ​ឆ្នាំ​ដែល​មនុស្ស​ម្នាក់​បាន​ផ្តល់​នូវ​ការ​ស្រឡាញ់​ភាព​កក់​ក្តៅ ភាព​អត់​ឱន​ លើកលែងទោស​និង​អធ្យាស្រ័យ​យល់​ពី​ខ្ញុំ​គ្រប់យ៉ាង មិន​ថា​ខ្ញុំ​ខុស​ខ្ញុំ​អាក្រក់​យ៉ាងណា​នាង​នៅតែ​អធ្យាស្រ័យ​ដល់​ខ្ញុំ​នាង​ហត់​ហើយ​ដែល​រយៈពេល​មួយ​ឆ្នាំ​ជា​សង្សារ​ខ្ញុំ​តែ​ពេលនេះ​ចង់​និយាយ​ថា អូន​លែង​ជា​សង្សារ​បង​ទៀតហើយ​បង​សុំ​ប្តូរ​មក​នាម​ជា​ប្រពន្ធ​បានទេ​រីករាយ​គម្រប់​ថ្ងៃ​ខួប​មួយឆ្នាំ​ដែល​ពួក​យើង​ស្រឡាញ់គ្នា​និង​ជា​ថ្ងៃ​ដែល​អូន​បានផ្តល់​កាដូ​ធំ​បំផុត​ចុងឆ្នាំ​សម្រាប់​បង​នៅ​ឆ្នាំ​ថ្មី​នេះ​ពាក្យ​ថា​ប៉ា ប៉ា បង​សប្បាយចិត្ត​ណាស់​ដឹង​ទេ​រក​អ្វី​មក​និយាយ​មិន​ស្មើ​អរគុណ​មែនទែន​ប្រពន្ធ​សម្លាញ់​បង​ស្រឡាញ់​អូន​ណាស់​តែ​ពេលនេះ​ស្រឡាញ់​កូនជាង​អូន​ហើយ​ណា »​។

ក្រោយ​បង្ហោះ​មិន​បាន​ប៉ុន្មាន​ផង តារា​ប្រុស​រូប​នេះ​ក៏​បាន​លុប​ចោល ធ្វើ​ឲ្យ​មហាជន​ម្នា​ចម្ងល់​គ្រប់ៗ​គ្នា។ ក្នុង​ជំនួប​ជា​មួយ​Sabay អេ​ត​វីន បាន​បក​ស្រាយ​ថា សារ​ដែល​ខ្លួន​បង្ហោះ​នៅ គឺ​ជា​សកម្មភាព​ថត​ស្ប៉ត​អប់​រំ​មួយ ដោយ​នៅ​​ក្នុង​ឈុត​វីដេអូ​នោះ លោក​និង កញ្ញា ឡុង ថាវ​រី គឺ​ជា ប្ដី​ប្រពន្ធនឹងគ្នា ហើយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​នោះ ក៏​ទាម​​ទារ​ការ​ចាប់​អារម្មណ៍ និង យក​មក​កាត់​ចូល​​ក្នុង​វីដេអូ​ស្ប៉ត​អប់​រំ​នោះ​ដូច​គ្នា។

“​គេ​ឆ្ងល់​គ្រប់​គ្នា​ហ្នឹង​បង មាន​គេ​ខ្ញុំ​ថត​ស្ប៉ត​អប់​រំ​​ជា​មួយ​គាត់​តើ អត់​មាន​​កូន​ចៅ​អី​ជា​មួយ​គ្នា​ទេ អា​ពាក្យ​ពេចន៍ខ្ញុំ​បង្ហោះ​ហ្នឹង​ក៏​គេ​យក​​​បញ្ចូល​​ក្នុង​ស្ប៉ត​អប់​រំ​ ឃើញ​ទេ ខ្ញុំ​បង្ហោះ​ភ្លាម ខ្ញុំ​លុប​ចោល​វិញ ហ្នឹង” អេ​ត​វីន ថ្លែង​បញ្ជាក់។

បែប​នេះ​ក្ដី លោក អែត វីន មិន​បាន​បញ្ជាក់​ថា វីដេអូ​ស្ប៉ត​អប់​រំ​នោះ ថត​ឲ្យ​អង្គការ​មួយ​ណា មាន​ខ្លឹមសារ​បែប​ណា​ឡើយ ដោយ​លោក​សូម​​លាក់​សិន រង់​ចាំ​ចេញ​ផ្សាយ​ទស្សនិកជន​នឹងច្បាស់​ក្នុង​ភ្នែក​ជាក់​ជា​មិន​ខាន។ លោក បាន​បញ្ជាក់​ថា រវាង​លោក​និង កញ្ញា ឡុង ថាវ​រី មិន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជា​មួយ​គ្នា​ឡើយ លោក​បាន​ស្គាល់​នាង តែ​ពេល​ថត​ស្ប៉ត​តែ​​ប៉ុណ្ណោះ ក្រោយ​ពី​ថត​រួច ក៏​​ឈប់​មាន​ទំនាក់ទំនង​ជា​មួយ​តែ​ម្ដង​ទៅ។ បច្ចុប្បន្ន​ លោក​ថា មិន​ទាន់​មាន នារី​ណា​ម្នាក់​ជា ម្ចាស់​បេះ​ដូង​លោកនៅ​ឡើយ​ទេ៕

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here