អែនឌី គ្រោងហៅស្រីស្អាត២នាក់ទៀត

0
30

កាលពីចុងឆ្នាំ២០១៧ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែនឌី បាន Cover បទចម្រៀងរបស់ខ្លួនដែលល្បីកាលពីឆ្នាំ២០០២ នៅហង្សមាស ឡើងវិញ គឺបទ ”នឹកបង៥០%ផង” ដែលបានចេញ MV ផ្អើលអ្នកលេងបណ្ដាញសង្គមតែម្ដង ព្រោះតែមានតួស្រីល្បីឈ្មោះ២នាក់ គឺសុខ សោម៉ាវត្តី និងឌុច លីដា ឈ្លោះគ្នាបែកផ្សែង រហូតដល់យំបង្ហូរទឹកភ្នែករៀងៗខ្លួន ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង តារាប្រុសដែលគេថាមានសំណាង ព្រោះបានឱបរឹតស្រីស្អាតៗស្ទើរតែគ្មានសល់តារាណាម្នាក់នោះ បានលេងមួយក្បាច់ទៀត ដោយបានចេញថតបទ ”មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី” ដោយលោកអែនឌី បានយកតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាងកែវ ស្រីនាង ទៅថតឱបថើបគ្នាយ៉ាងស្អិតល្មួតតែម្ដង ហាក់ដូចជាគ្មានញញើតស្វាមីនាងប្រចណ្ឌទាល់តែសោះ។

ដោយឡែក គ្រាន់តែចូលឆ្នាំថ្មី២០១៨ភ្លាម លោកអែន ឌី បានថតជា Audio បទ Original Songs ថ្មីភ្លាមមួយទៀតនោះ គឺបទ ”ទីបំផុតទើបដឹងថាគេកុហក” ហើយលោកអែន ឌី មានជំនឿយ៉ាងមុតមាំថា ពេលបទនេះចេញទៅនឹងមានការប្លែកជាងបទមុនទៀតជាមិនខាន ព្រោះ MV ដែលត្រៀមថតនោះនឹងយកតារាស្រីល្បីឈ្មោះ២នាក់ផ្សេងទៀត ដើម្បីឲ្យបទនេះចេញទៅខុសគេ។

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ថ្លែងថា ”ខ្ញុំស្រលាញ់បទនេះណាស់ ហើយខ្ញុំបានរៀបចំគ្រោងឆ្អឹងសាច់រឿងនៃការថត MV ហើយគ្រាន់តែមិនទាន់ចេញថតប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០១៨នេះ ខ្ញុំនឹងត្រៀមថតបទ Original ជាបន្ដបន្ទាប់ទៀត ព្រោះអីបទទី១ របស់ខ្ញុំ ”នឹកបង៥០%ផង” នោះ គឺទទួលបានជោគជ័យខ្លាំងហួសពីការស្មាន”។

សំណួរបស់មហាជនបានលើកឡើងថា តើនៅពេលនេះ លោកអែនឌី ពិតជាចង់វាយលុកទីផ្សារចម្រៀងឡើងវិញដូចកាលដែលលោកឈរជើងនៅហង្សមាស កាលពីឆ្នាំ២០០២ ឬយ៉ាងណា ហើយតើតារាដែលចូលចិត្តថតរូបកៀកកើយជាមួយស្រីស្អាតៗក្នុងសិល្បៈរូបនេះនឹងអាចវាយលុកទីផ្សារបានកម្រិតណា បើពេលនេះតារាចម្រៀង Original Songs មានកាន់តែច្រើនប្រជែងគ្នាលើទីផ្សារដែរ។

គេជឿថា បទថ្មីរបស់លោកអែនឌី ”ទីបំផុតទើបដឹងថាគេកុហក” ដែលគ្រោងថត MV ហៅស្រីស្អាត២នាក់នោះ ច្បាស់ជាមានឈុតក្ដៅសាច់ឱបថើបរោលរាលជាងមុនថែមទៀតជាមិនខានឡើយ ហើយចាំមើលថា តើលោកអែនឌី នឹងមានអារម្មណ៍ធម្មតាទៀត ឬក៏ថាអារម្មណ៍មិនធម្មតាដូចអ្នកមើលដែរ?៕

ប្រភព៖ នគរធំ

LEAVE A REPLY

Please enter your comment!
Please enter your name here