នៅមិនទាន់ល្បីទៀត ទោះបីលោក ខេមរៈ សិរីមន្ដ បានចុះកុងត្រា៥ឆ្នាំ ជាមួយហង្សមាស ដោយសាររឿង….

0
41

ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលរើបង្វេចចេញពីសាន់ដេ ចូលផលិតកម្មរស្មីហង្សមាស នោះ ត្រូវបានបណ្ដាសារព័ត៌មានមួយចំនួនលើកឡើងថា អ្នកចម្រៀងល្បីឈ្មោះរូបនេះច្រៀងនៅហង្សមាស ដោយមិនមានការចុះកុងត្រាឡើយ គឺដូចគ្នានឹងលោកព្រាប សុវត្ថិ ដែរ ដែលនៅជាមួយហង្សមាស ដោយគ្មានកុងត្រាជាមួយផលិតកម្មនេះ រយៈពេលជាង២ទសវត្សន៍នេះ។

យ៉ាងណា ប្រភពបានឲ្យដឹងថា ការដែលសិរីមន្ដ មិនព្រមចុះកុងត្រាជាមួយហង្សមាស នៅពេលនេះ ព្រោះអតីតអ្នកចម្រៀងសាន់ដេ រូបនេះ អាចនឹងមានការចាកចេញពីទ្រនំទី៣របស់ខ្លួននេះវិញ ប្រសិនបើបទចម្រៀងរបស់មិនមានការគាំទ្រខ្លាំងក្លាដូចកាលនៅសាន់ដេ នោះ ហើយបានជាលោកប៊ុនថៃ គេចចេញពីការចងជើងរបស់ហង្សមាស។ ប៉ុន្ដែក្នុងជំនួបផ្ទាល់ជាមួយខេមរៈ​សិរីមន្ដ កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបសង្ហារូបនេះបានប្រតាមព័ត៌មានថា អ្នកចម្រៀងនៅផលិតកម្មហង្សមាស គឺសុទ្ធតែមានការចុះកុងត្រាទាំងអស់ជាមួយផលិតកម្ម ហើយរាល់កម្មវិធីច្រៀងផ្សេងៗដែលហង្សមាស រៀបចំឲ្យ គឺក្រុមហ៊ុនបានកាត់ប្រាក់៣០% ខណៈដែលតារាចម្រៀងខ្លះដែលមានកុងត្រា តែគ្មានបទចម្រៀង ក៏អាចបើកប្រាក់ពីក្រុមហ៊ុនជារៀងរាល់ខែដែរ”។ ប៉ុន្ដែតាមប្រភពថា មានតែលោកព្រាប សុវត្ថិ ម្នាក់គត់ ដែលច្រៀងនៅក្រុមហ៊ុនហង្សមាស ដោយគ្មានការចុះកុងត្រាជាមួយនោះ ដូចនេះរាល់កម្មវិធីច្រៀងផ្សេងៗ រួមទាំងការថតស្ពត និងការចេញទៅសម្ដែងនៅក្រៅប្រទេស គឺហង្សមាស មិនអាចបញ្ជា ឬត្រួតត្រា និងកាត់លុយភាគរយលើព្រាប សុវត្ថិ ឡើយ។ ចំណែកប្រភពចុងក្រោយនេះ បានឲ្យដឹងថា ពេជ្រ សោភា ក៏ច្រៀងនៅហង្សមាស គ្មានការកុងត្រាទៀតដែរ រយៈពេល៥ឆ្នាំចុងក្រោយនេះ។កែករាល់ការលេចឮទាំងឡាយនោះ ដោយថាមិនមែនជាការពិត។

ខេមរៈ សិរីមន្ដ អះអាងប្រាប់អ្នកយកព័ត៌មានយើងនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ថា ”ខ្ញុំច្រៀងនៅហង្សមាស គឺមានការចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន។ រាល់បទចម្រៀងរបស់ខ្ញុំ គឺក្រុមហ៊ុនជាអ្នករៀបចំឲ្យទាំងអស់ ដែលមានបងប្រុសខ្ញុំ (ខេមរៈ ភារុណ) សហការគ្នាជាមួយក្រុមការងារហង្សមាស ដែរ គឺមិនមែនបងខ្ញុំធ្វើឲ្យខ្ញុំផ្ដាច់មុខទេ ទោះជាកាលនៅសាន់ដេ ក៏អីចឹងដែរ”។

ដោយឡែក ខេមរៈ សិរីមន្ដ ដែលចាកចេញពីសាន់ដេ ចូលហង្សមាស ជិតកន្លះឆ្នាំនេះ ត្រូវ

បានមហាជនលើកឡើងផ្សេងៗគ្នា ដោយខ្លះថា សិរីមន្ដ នៅតែខ្លាំង និងល្បីឈ្មោះដូចមុនដដែល តែខ្លះទៀត បែរជាថា ពេលនេះ សិរីមន្ដ ចុះខ្សោយជាងមុនហើយ ព្រោះបទចម្រៀងថ្មីៗរបស់គេនៅហង្សមាស គ្មានការសំណូមពរឲ្យច្រៀងនៅតាមហាងបៀហ្គារដិន និងតាមក្រុមតន្ត្រីប្រចាំហាងជាច្រើននៅភ្នំពេញ ដូចមុនទៀតឡើយ។

លោកនូ សុិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា “ពេលនេះ ខេមរៈ សិរីមន្ដ នៅមិនទាន់ខ្លាំងដូចកាលនៅសាន់ដេ ទេ តែដោយសារទើបចូលហង្សមាស បានរយៈពេលខ្លី ហេតុនេះហើយយើងមិនទាន់អាចសន្និដ្ឋានទាំងស្រុងបានថាយ៉ាងណាឲ្យច្បាស់លាស់ទេ ព្រោះនៅមានពេលវែងឆ្ងាយទៀត”។

លោកនូ សុិប ថ្លែងថា ”រឿងដែលសិរីមន្ដ ចូលទៅហង្សមាស ហ្នឹងខ្ញុំពិបាកនិយាយណាស់ វាគឺជារឿងនយោបាយតែម្ដង…។ ខ្ញុំបានឃើញសិរីមន្ដ ច្រៀងបទថ្មីនៅហង្សមាស ហ្នឹង គឺដូចជាមិនទាន់មានសន្ទុះខ្លាំងក្លាដូចកាលនៅសាន់ដេ ទេ តែដោយសារសិរីមន្ដ ទើបចូលអីចឹង យើងក៏មិនអាចសន្និដ្ឋានបានទាំងស្រុងថាម៉េចដែរ ព្រោះនៅពេលវេលាវែងឆ្ងាយណាស់។ តាមខ្ញុំយល់ថា សិរីមន្ដ ចូលទៅហង្សមាស នៅពេលនេះ គឺហាក់ដូចជាគ្រាន់តែត្រៀមជំនួសតារាណាម្នាក់នៅពេលអនាគត ហើយជាធម្មតាទេ ពេលនេះ ហង្សមាស មានតារាចម្រៀងច្រើន អីចឹងការធ្វើបទចម្រៀង ក៏ពិបាកដែរ។ និយាយឲ្យត្រង់ទៅចុះ សូម្បីតែខ្ញុំក៏នៅតែឆ្ងល់ដែរថា ហេតុអីបានជាសិរីមន្ដ កំពុងតែខ្លាំងនៅសាន់ដេ ហើយ បែរជាមកចូលហង្សមាស វិញ? ជារឿងនយោបាយតែម្ដង…”។

បើទោះជាសិរីមន្ដ មិនទាន់អាចធ្វើព្យុះភ្លៀងនៅទ្រនំធំហង្សមាស បានមែន នៅពេលនេះ តែបទចម្រៀងអតីតតារាចម្រៀងសាន់ដេ និងU2 រូបនេះ មានពីរោះៗគួរឲ្យចាប់អារម្មណ៍ ដូចជាបទ ”ស្ទឹងត្រែងបងអើយ”, អស់សិទ្ធិថែ តែនៅបារម្ភ”, “ក្បាច់ពស់” និងបទដែលតារាចម្រៀងមួយចំនួនយកឡើងច្រៀងលើឆាក គឺបទ ”ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ”។
ខេមរៈ សិរីមន្ដ បានប្រាប់កាលពីពេលថ្មីនេះថា “បទចម្រៀងរបស់គេនៅហង្សមាស នៅតែមានការគាំទ្រច្រើន ព្រោះគ្រាន់តែចេញជា Audio ប៉ុណ្ណោះ តែមានអ្នកចូលមើលច្រើនទៅហើយ ចំណែកការប្រគំតន្ត្រីរដូវក្ដៅនេះ គឺមានក្រុមហ៊ុនជាច្រើនបានទាក់ទងផងដែរ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ការដែលខេមរៈ​ សិរីមន្ដ ចេញពីសាន់ដេ ទៅចូលហង្សមាស ព្រោះតែនាយចឺម និងពេជ្រ ថាណា បានក្រលុកទីផ្សារម្រៀងគេឲ្យរង្គើខ្លះ មុនពេលដែលចូលហង្សមាស នោះ។ តែចំណុចសំខាន់ ការដែលខេមរៈ សិរីមន្ដ ចូលទៅហង្សមាស គឺមានកត្តាធំ៤យ៉ាង គឺទី១. ហង្សមាស ជាផលិតកម្មធំ និងមានធនធានមនុស្សខ្លាំងៗច្រើនជាងគេ បើប្រៀបធៀបទៅថោន និងសាន់ដេ, ទី២. ទៅហង្សមាស សម្បូរការងារ (Concert), ទី៣. គឺហង្សមាស មានទូរទស្សន៍ មានន័យថា បើផលិតកម្មណាចង់ប្រជែងជាមួយហង្សមាស គឺទាល់តែមានទូរទស្សន៍ដែរ និងទី៤. គឺដើម្បីច្រៀងចាប់ដៃគូជាមួយឱក សុគន្ធកញ្ញា ព្រោះពេលនេះនៅមិនទាន់មានតារាស្រីរូបណាខ្លាំងជាងសុគន្ធកញ្ញា ទេ ហេតុនេះ សិរីមន្ដ ជាអ្នកចម្រៀងខ្លាំងម្នាក់ គឺត្រូវការដៃគូខ្លាំងដែរ៕ប្រភព khmer7daily

LEAVE A REPLY

Please enter your comment!
Please enter your name here