អស់ស្ទះ! កាតុ ក្លាយជាផលិតករកម្មវិធីទូរទស្សន៍ TOWN Full HD TV កម្មវិធីធ្វើម្ហូប បែបកំប្លែង «ឆ្ងាញ់ទេ?» កប់ត្រឹម ដឹកនាំហើយ ចូលលេងខ្លួនឯងទៀត! (មានវីដេអូ)

0
33

ភ្នំពេញ៖ អ្នកនាងកាតុ ត្រូវបានប្រជាជនភាគច្រើនទទួលស្គាល់ថា ជាតារាកំប្លែងដែលពោរពេញដោយភាពក្រមិចក្រមើម និងកាយវិការទាក់ទាញ ហើយថែមទាំងមានវោហាសព្ទចាក់ទឹកមិនលិច ដែលបានធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចគ្រប់ឈុតគ្រប់ឆាកតែម្តង។

ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែងសាច់សខ្ចីរូបនេះ ឆក់បានតំណែងជាផលិតករកម្មវិធីធ្វើម្ហូបកំប្លែងមួយ នៅប៉ុស្តិ៍ Town Full HD TV ដើម្បីបង្កើនស្នាដៃសិល្បៈ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យកាន់តែល្បីបន្ថែមទៀត។

តាមរយៈ លោក ប៊ុន រតនា សេម នាយកគ្រប់គ្រងការផលិតប្រចាំប៉ុស្តិ៍ Town Full HD TV ដែលធ្លាប់ដឹកនាំបទ I am sorry, អស់ឱកាស និងឪពុកខ្ញុំជាប៉ូលីសចរាចរណ៍ដ៏ល្បីល្បាញ ហើយក៏ជាថៅកែឃ្លាំងលក់រថយន្ត S-Auto Cambodia នៅម្តុំកាំកូស៊ីធីទៀតនោះ បានឲ្យដឹងថា អ្នកនាងកាតុពិតជាខិតខំយ៉ាងខ្លាំងជាមួយការងារថ្មីមួយនេះ។

លោកបានបញ្ជាក់ថា អ្នកនាងកាតុជាផលិតករដ៏ល្អមួយរូប ទាំងអត្តចរិក និងបទពិសោធន៍ផ្នែកកំប្លែងដែលមានជិត២០ឆ្នាំមកនេះ។ ក្រៅពីការដឹកនាំសម្តែង និងសរសេរសាច់រឿង អ្នកនាងកាតុនៅឆ្លៀតចូលរួមសម្តែងដោយខ្លួនឯងផ្ទាល់ទៀត ដើម្បីឲ្យអ្នកទស្សនាកាន់តែពេញចិត្តជាមួយស្នាដៃដ៏ថ្មីសន្លាងនេះ។

ជាក់ស្តែង កម្មវិធីថ្មីដែលផលិតដោយអ្នកនាងកាតុនេះ គឺកម្មវិធី «ឆ្ងាញ់ទេ?» ដែលជាកម្មវិធីធ្វើម្ហូបបែបកំប្លែង បញ្ចេញស្នាដៃដោយបងប្អូនអ៊ុំពូមីង ដែលរស់នៅតាមជនបទស្រែចម្ការ ហើយក៏មានការចូលរួមជួយចម្អិនពីសំណាក់តារាកិត្តិយសដែលជាសិល្បៈករ សិល្បៈការិនីល្បីៗ រួមជាមួយទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ពិធីការិនីទាំង២ គឺអ្នកនាងកាតុ និង កញ្ញា រ៉ូលីន បង្កើតបានជាសំណើច សើចរហូតពីដើមដល់ចប់តែម្តង។

គួរបញ្ជាក់ថា​ កន្លងមកកម្មវិធី «ដូច្នឹងផង»របស់ Town Full HD TV ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ទស្សនិកជន និងអ្នកឧបត្ថម្ភកម្មវិធី ហើយសម្រាប់កម្មវិធី «ឆ្ងាញ់ទេ?» នេះ លោក ប៊ុន រតនា សេម សង្ឃឹមថានឹងមានការគាំទ្រច្រើនដូចគ្នា។

លោកបានបន្ថែមទៀតថា ក្រៅពី កម្មវិធី «ឆ្ងាញ់ទេ?»  ដែលផលិតដោយអ្នកនាងកាតុនេះ Town Full HD TV ក៏នឹងត្រៀមកម្មវិធីពិសេសៗជាច្រើនទៀតដូចជា៖

១. មួយណាជាការពិត

២. ចុម បាក់ចង្កេះម៉ង

៣. អ្នកក្លាហានស្រុកខ្ញុំ

៤. Lovely Night

៥. កំប្លែងម៉ង

៦. ដូច្នឹងផងKid ។

ចង់ដឹងថា កម្មវិធី «ឆ្ងាញ់ទេ?» ពិតជាជក់ចិត្តយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍Town Full HD TV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១-១២ថ្ងៃត្រង់ ចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះតទៅ៕

សូមទស្សនាឈុតខ្លះៗនៃកម្មវិធី «ឆ្ងាញ់ទេ?» តាមរយៈវីដេអូខាងក្រោម៖​ 

LEAVE A REPLY

Please enter your comment!
Please enter your name here