វី ឌីណែត ជំនួសសុខ ពិសី

0
23

សុខ ពិសី ធ្លាប់ច្រៀង Cover បទល្បីៗរបស់ខេមរៈ សិរីមន្ត ទាំងអស់នៅសាន់ដេ បន្ទាប់ពីខេមរៈ ស្រីពៅ បានបាត់ខ្លួនដោយមិនដឹងមូលហេតុច្បាស់លាស់នោះ ខណៈដែលអ្នកចម្រៀងល្បី ខេមរៈ សិរីមន្ត មិនងាយនឹងចាប់ដៃគូជាមួយអ្នកចម្រៀងស្រីរូបណាឡើយ ក្រៅពីឱក សុគន្ធកញ្ញា, ខេមរៈ ស្រីពៅ និងសុខ ពិសី នោះ។ ប៉ុន្តែ ថ្មីៗនេះ តារាចម្រៀងនៅហង្សមាស ដែលជំនួសតំណែងសុខ ពិសី ក្នុងការច្រៀង Cover បទខេមរៈ សិរីមន្ត ឡើងវិញនោះ គឺវី ឌីណែត តាមរយៈបទ “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” ដែលទើបតែចេញជា Audio ប៉ុណ្ណោះ។

មានការចាប់អារម្មណ៍ច្រើនពីមហាជនថា ពេលនេះ​ ហង្សមាស ហាក់ដូចជាមានការយកចិត្តទុកដាក់ទៅលើកញ្ញាវី ឌីណែត ច្រើនជាងមុន ព្រោះទម្លាក់បទចម្រៀងល្បីៗឱ្យច្រៀង ដែលនេះអាចបញ្ជាក់ថា ឌីណែត នឹងក្លាយទៅជាតារាចម្រៀង១រូបសំខាន់របស់ហង្សមាស នាពេលខាងមុខនេះជាមិនខានឡើយ ព្រោះតែអ្នកចម្រៀងរូបនេះ មានសំឡេងខ្លាំង ស្រែកខ្ពស់ មិនបែក ដោយសារតែនាងមានការបណ្តុះបណ្តាលការហាត់ច្រៀងតាំងពីតូច ដែលមានឪពុកនាង លោកហួរ ឡាវី ជាគ្រូបង្វឹកច្រៀងខ្មែរ និងអ្នកអង្គម្ចាស់សិរីវុឌ្ឈ ជួយបង្រៀនច្រៀងជាភាសាអង់គ្លេស។

ប្រភពបានឱ្យដឹងថា ដោយសារឃើញសមត្ថភាពឌីណែត មិនចាញ់ឱក សុគន្ធកញ្ញា បែបនេះហើយ ទើបធ្វើឱ្យហង្សមាសបានងាកមកយកចិត្តទុកដាក់ចំពោះអ្នកចម្រៀងរូបនេះវិញ បើទោះបីជានៅ១ឆ្នាំដំបូង ឌីណែត បានច្រៀងតែ១បទគត់ក៏ដោយ។ មិនត្រឹមតែផ្តល់បទចម្រៀងល្អឱ្យច្រៀងប៉ុណ្ណោះទេ តែនៅពេលនេះ ហង្សមាស ក៏បានផ្គាប់ចិត្តវី ឌីណែត ក្នុងការថតភាពយន្តភាគទូរទស្សន៍របស់ខ្លួនផងដែរ តាមរយៈការប្រគល់តំណែងជាតួឯកក្នុងរឿង “រាជបុត្រកង្កែប” ដែលឌីណែត ប៉ះជាមួយម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា ដែលកូនស្រីលោកហួរ ឡាវី ផ្ទាល់ក៏មានជំនឿចិត្តយ៉ាងមុតមាំដែរថា នាងនឹងល្បីថែមមួយកម្រិតទៀតជាមិនខាន នៅពេលដែលរឿងនោះត្រូវបានដាក់បញ្ចាំង។ ប៉ុន្តែ ទាំងឌីណែត និងលោកហួរ ឡាវី បានឱ្យដឹងស្របគ្នាថា អាជីពភាពយន្តមិនមែនជាគោលដៅចម្បងឡើយ គឺគ្រាន់តែជាការបន្ទាប់បន្សំពីអាជីពចម្រៀងប៉ុណ្ណោះ។

វី ឌីណែត តាំងពីឈានចូលផលិតកម្មរស្មីហង្សមាស ជាង៣ឆ្នាំនេះ មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាធ្ងន់ឡើយ គឺមានតែដំណឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាក្រោមដំបូលតែមួយ លោកនី រតនា បន្ទាប់ពីតារាទាំង២បានច្រៀងឆ្លងឆ្លើយជាមួយគ្នាលើឆាក ហើយច្រើនឱបគ្នាយ៉ាងស្អិតល្មួត ដោយគ្មានខ្វល់អ្នកណាទាំងអស់នោះ។

ប៉ុន្តែទាំងឌីណែត និងនី រតនា ធ្លាប់អះអាងស្របគ្នាថា នោះគ្រាន់តែជាការសម្តែងបញ្ចូលអារម្មណ៍ទៅតាមអត្ថន័យបទចម្រៀងប៉ុណ្ណោះ គ្មានអារម្មណ៍ផ្តេសផ្តាសឡើយ។ ចំណែកលោកហួរ ឡាវី វិញ ធ្លាប់ប្រាប់ថា គាត់ជូនកូនស្រីទៅច្រៀងទាំងយប់ថ្ងៃ ហើយឌីណែត ទើបមានវ័យ២១ឆ្នាំនោះ គ្មានទំនាក់ទំនងស្នេហាជាមួយបុរសណាឡើយ គឺបេះដូងនៅទំនេរស្អាតតែម្តង ព្រោះថា ពេលនេះត្រូវការពង្រឹងអាជីពចម្រៀងឱ្យបានល្អជាងនេះ ជាជាងគិតរឿងស្នេហា។

វី ឌីណែត ជាអ្នកចម្រៀងវ័យក្មេង ដែលមានទឹកដមសំឡេងខ្ពស់ ដែលអាចច្រៀង ទាំងបទខ្មែរ និងអង់គ្លេស បានយ៉ាងល្អ ហើយទស្សនិកជនមើលឃើញថា តាំងពីការឈាន ចូលហង្សមាស របស់ឌីណែត មក តារាចម្រៀងរូបនេះ បានធ្វើឱ្យរៀមច្បង សុខ សីឡាលីន ស្ទើរតែគ្មានទីផ្សារឡើយ ព្រោះថា ឌីណែត អាចច្រៀងបទស្រែកខ្លាំងៗ និងជាភាសាអង់គ្លេស បានល្អជាង។ ប៉ុន្តែយ៉ាងណា ពេលនេះ ឌីណែត មិនទាន់មានបទចម្រៀងផ្ទាល់ខ្លួន ដែលផ្ទុះល្បីខ្លាំងឡើយ គឺមានតែបទ Cover ពីវង្ស តារារតនា “ស៊ូឃ្លាត” និងបទ “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” ដែលជាបទដើមរបស់ខេមរៈ សិរីមន្ត ហើយគេមិនទាន់ដឹងទេថា តើហង្សមាស នឹងអាចជួយឌីណែត ថែមទៀតតាមរយៈការឱ្យច្រៀងឆ្លងឆ្លើយជាមួយសិរីមន្ត ឬយ៉ាងណា ខណៈដែលលោកប៊ុនថៃ បានអះអាងមុននេះថា លោកមិនប្រកាន់ចំពោះការចាប់ដៃគូទេ គឺច្រៀងជាមួយអ្នកណាក៏បាន ឱ្យតែក្រុមហ៊ុនតម្រូវ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ពេលនេះ ហង្សមាស កំពុងតែឱ្យវី ឌីណែត ស្នងតំណែងឪពុករបស់នាង លោកហួរ ឡាវី ដែលជាអតីតតារាចម្រៀងហង្សមាស តែយ៉ាងណា ឌីណែត គឺមិនអាចមានសន្ទុះខ្លាំងក្លា ដូចឱក សុគន្ធកញ្ញា បានឡើយ គឺទោះហង្សមាស បានជំរុញនាងទាំងចម្រៀង និងការថតភាពយន្តក្តី ព្រោះតារាចម្រៀងខ្លាំងៗទៀត មានសួស វីសា និងឈិន ម៉ានិច្ច ជាដើមនោះ គឺពេលនេះបានត្រឹមនៅទ្រឹង ដែរ ព្រោះសុគន្ធកញ្ញា នៅតែបន្តឈរក្នុងតំណែងលេខ១ ដដែល៕

ប្រភព៖ នគរធំ

LEAVE A REPLY

Please enter your comment!
Please enter your name here