​ចាប់បានជនដៃដល់ ២នាក់ ដែលកាត់ក្បាលបុរសម្នាក់នៅខេត្តកំពត កាលពី ៤ថ្ងៃមុន ករណីគំនុំរឿងចេះអាបធ្មប់​

0
47

សៀមរាប ៖ មន្ត្រីអាវុធហត្ថ បានប្រាប់ឲ្យដឹងថា ជនដៃដល់ ២នាក់ ដែលកាត់ក្បាលបុរសម្នាក់ សង្ស័យគំនុំរឿងចេះអាបធ្មប់ កាលពី ៤ថ្ងៃមុន នៅខេត្តកំពត ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប និងក្រុងសៀមរាប ចាប់បាននៅមុននេះបន្តិច នៅចំណុចមុខផ្សារលើធំថ្មី នាវេលាម៉ោង ៥ រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។ មន្ត្រីអាវុធហត្ថនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយជុំវិញការចាប់ខ្លួនជនដៃដល់ទាំង ២នាក់ ខាងលើនេះ ដោយកំពុងសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្តសៀមរាប។

គួរបញ្ជាក់ថា ហេតុការណ៍ដ៍រន្ឋត់នេះ បានបង្ករអោយមានភ្ញាក់ផ្អើលយ៉ាងករណីឃាតកកាត់ក្បាលជនរងគ្រោះយកទៅបាត់ នៅសល់តែដងខ្លួន នៅចំណុចខ្ទមចាំដីស្រែរបស់ជនរងគ្រោះស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកទឹកឈូក ខេត្តកំពត កាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧។ ​ជនរងគ្រោះឈ្មោះ អយ សុខ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានកាត់ក្បាលជនរងគ្រោះយកក្បាលទៅបាត់ បន្សល់តែដងខ្លួននៅកន្លែងកើតហេតុ។

កម្លាំងសមត្ថកិច្ច បានសហការគ្នាចុះសាកសួរប្រមូលព័ត៌មានជុំវិញលំនៅដ្ឋានជនរងគ្រោះ បានបង្ហាញជាបឋមថា ជនរងគ្រោះមានការចោទប្រកាន់ថា ពីមុនមកគាត់ចេះធ្វើអំពើធ្មប់ ហើយក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចរឿងគំនុំជុំវិញករណីអំពើធ្មប់ ហើយសមត្ថកិច្ចបន្តរការស្រាវជ្រាវស្វែងរកចាប់បាន​ជន​ល្មើស ២នាក់ ខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕