កុំឲ្យពិបាកផលិតពេក ពេលនេះ Google កំពុងពិភាក្សា ដើម្បីទិញយកផ្នែកផលិតទូរស័ព្ទរបស់ HTC តែម្តង

0
9

បរទេស៖ ក្រុមហ៊ុន Google តែងតែព្យាយាមជ្រៀតខ្លួនចូលក្នុងទីផ្សារទូរស័ព្ទ ប៉ុន្តែលទ្ធផលដូចជាមិនសូវបានល្អទៅតាមអ្វីដែលគេប្រាថ្នាសោះ។ តែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនមួយនេះមិនបោះបង់សេចក្តីព្យាយាមរបស់ខ្លួនឡើយ ហើយក្នុងពេលនេះក៏មានព័ត៌មានលេចលឺថា Google កំពុងតែធ្វើការចរចាដើម្បីទិញផ្នែកផលិតទូរស័ព្ទពីក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកមួយដ៏ធំនៅក្នុងប្រទេសចិនផងដែរ។

យោងទៅតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុន Google ប្រហែលជាអាចនឹងបានជោគជ័យក្នុងការទិញយកអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន HTC ក្នុងពេលឆាប់ៗនេះហើយ។ របាយការណ៍មកពីតៃវ៉ាន់ក៏បានបង្ហើបទៀតថា ក្រុមហ៊ុនទាំងពីរនេះកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃការពិភាក្សាដើម្បីទិញយកផ្នែកផលិតស្មាតហ្វូនហើយ ប៉ុន្តែសម្រាប់តម្លៃដែលក្រុមហ៊ុន Google នឹងបង់ទៅឲ្យក្រុមហ៊ុន HTC នៅមិនទាន់បានបង្ហើបនៅឡើយទេ។

ទូរស័ព្ទ U11 របស់ក្រុមហ៊ុន HTC
ទូរស័ព្ទ One X10 របស់ក្រុមហ៊ុន HTC
ទូរស័ព្ទ U Ultra របស់ក្រុមហ៊ុន HTC

បើសិនជាកិច្ចព្រមព្រៀងនេះបានជោគជ័យមែន វាគឺជារឿងល្អមួយសម្រាប់ការផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Google បន្ទាប់ពីក្រុមហ៊ុននេះបានលក់ផ្នែកផលិតទូរស័ព្ទ Motorola ទៅឲ្យក្រុមហ៊ុន Lenovo ក្នុងតម្លៃ ២,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤។ ខណៈពេលនេះក្រុមហ៊ុន Google បានវិនិយោគទុនកាន់តែច្រើនក្នុងការផលិតទូរស័ព្ទ Pixel ដូច្នេះការទិញយកក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយទៀតអាចនឹងជួយក្រុមហ៊ុន Google ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ក្នុងវិស័យផលិតទូរស័ព្ទ។

កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Commercial Times បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះមានជាប់ពាក់ព័ន្ធតែជាមួយក្រុមស្រាវជ្រាវ  និងក្រុមផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន HTC តែប៉ុណ្ណោះ ដូច្នេះផ្នែកដទៃរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក HTC មិនមានការចូលរួមឡើយ។

ទីស្នាក់ការក្រុមហ៊ុន Google
ទីស្នាក់ការក្រុមហ៊ុន HTC

ដោយឡែកមកដល់ពេលនេះ អ្នកតំណាងក្រុមហ៊ុន Google និងក្រុមហ៊ុន HTC មិនទាន់បានធ្វើអត្ថាធិប្បាយថាតើកិច្ចពិភាក្សារវាងក្រុមហ៊ុនទាំង ២នេះមានដំណើរការយ៉ាងណានៅឡើយទេ។ គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Google អាចនឹងបង្ហាញមុខទូរស័ព្ទ Pixel ជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែតុលានេះផងដែរ៕

ទូរស័ព្ទ Pixel 2 របស់ក្រុមហ៊ុន Google

LEAVE A REPLY

Please enter your comment!
Please enter your name here