លេចឮថា Apple នឹងចេញ iPhone ថ្មីចំនួន ៣ម៉ូដែលនៅថ្ងៃស្អែកនេះ..! អ្វីខ្លះ?

0
10

បរទេស៖ កាលពីថ្មីៗនេះ មានព័ត៌មានច្រើនណាស់ដែលទាក់ទងទៅនឹង iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ។ ផលិតផលថ្មីៗនិងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នឹងត្រូវធ្វើការដាក់បង្ហាញខ្លួននៅថ្ងៃស្អែកនេះផងដែរ។

យោងតាមព័ត៌មានលេចធ្លាយកាលពីថ្ងៃសៅរ៍កន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការចេញលក់នូវទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួនចំនួន ៣ ម៉ូដែល។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ទាំងនោះត្រូវបានគេរំពឹងថានឹងមានឈ្មោះ iPhone X, iPhone 8 និង iPhone 8 Plus  ។

គេបានដាក់ការសង្ស័យថាមានមនុស្សនៅក្នុងទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Apple បានធ្វើការរាយការណ៍ព័ត៌មានទាំងនេះទៅកាន់គេហទំព័រ 9to5Mac ។ គេបានបង្ហើបទៀតថា iPhone 8 និង iPhone 8 Plus នឹងមានបំពាក់ទៅដោយបន្ទះកញ្ចក់នៅផ្នែកខាងក្រោយ មានបន្ទះឈីបសម្រាប់ដំណើរការថ្មី និងអាចធ្វើការបញ្ចូលចរន្តអគ្គិសនីដោយឥតខ្សែទៀតផង  ដែលជាការអាប់ដេតឲ្យមានភាពប្រសើរឡើងជាងទូរស័ព្ទស៊េរីមុន។

ដោយឡែកសម្រាប់ iPhone X វិញ វាប្រៀបដូចជាម៉ូដែលថ្មីមួយសម្រាប់រំលឹកខួប១០ឆ្នាំ នៃកំណើតទូរស័ព្ទ iPhone អ៊ីចឹង។ ទូរស័ព្ទ iPhone X នេះហើយគឺជាម៉ូដែលថ្មីមួយដែលអ្នកគាំទ្រផលិតផល Apple ទាំងអស់កំពុងរង់ចាំអ៊ុតមើលព្រោះមនុស្សស្ទើរតែគ្រប់គ្នារំពឹងថា ក្រុមហ៊ុន Apple នឹងលុបបំបាត់ប៊ូតុង Home នៅលើ iPhone X ចោលហើយជំនួសវិញដោយប៊ូតុង Home លក្ខណៈ Touch នៅលើអេក្រង់ផ្ទាល់តែម្តង។

រាងគំរូរបស់ទូរស័ព្ទ iPhone ស៊េរីថ្មី
រាងគំរូរបស់ទូរស័ព្ទ iPhone ស៊េរីថ្មី
ពណ៍ទូរស័ព្ទ iPhone ស៊េរីថ្មី
រាងគំរូរបស់ទូរស័ព្ទ iPhone ស៊េរីថ្មី

ព័ត៌មានមួយចំនួនក៏បានបង្ហើបថា ទូរស័ព្ទស៊េរីថ្មីរបស់ Apple នឹងបំពាក់ទៅដោយអេក្រង់ OLED ទំហំ ៥,៨អ៊ីញ និងលក្ខណៈពិសេសមួយដែលគេហៅថា Face ID សម្រាប់ធ្វើការស្កេនផ្ទៃមុខដើម្បីបើកសោរទៀតផង។ លើសពីនេះទៅទៀតក៏មានពាក្យចរចាមអារ៉ាមថា ស្មាតហ្វូននេះនឹងមាន Animoji ដែលជាការច្នៃប្រឌិតបច្ចេកវិទ្យា 3D ថ្មីមួយដើម្បីបង្កើត emojis (សញ្ញាបង្ហាញអារម្មណ៍) ដោយពឹងផ្អែកទៅលើទឹកមុខរបស់អ្នកប្រើប្រាស់ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីផ្ញើសារផងដែរ។

រូបភាព Animoji ដែលពឺងផ្អែកលើទឹកមុខមនុស្សហើយមានចលនានៅលើសារ

បន្ទាប់ពីលោក Tim Cook បានក្លាយជានាយកប្រតិបត្តិនៅក្នុងឆ្នាំ ២០១២ មក គាត់បានប្រកាសថា គាត់នឹងចាត់ទុករឿងសម្ងាត់របស់ក្រុមហ៊ុនគឺជារឿងមួយដ៏សំខាន់។ ហើយកាលពីខែមិថុនា មានគេហទំព័រព័ត៌មានជាច្រើនាបានបង្ហាញថា ក្រុមហ៊ុន Apple បានធ្វើការជួលអតីតបុគ្គលិកភ្នាក់ងារសន្តិសុខជាតិមួយចំនួន ដើម្បីតាមចាប់ខ្លួនអ្នកដែលចែកចាយព័ត៌មានសំងាត់របស់ក្រុមហ៊ុនទៅខាងក្រៅទៀតផង។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១២ខែកញ្ញានេះ ក្រុមហ៊ុន Apple នឹងធ្វើបទបង្ហាញពីទូរស័ព្ទស៊េរីថ្មី និងផលិតផលថ្មីៗមួយចំនួនទៀតរបស់ខ្លួននៅ Apple Park ដែលជាទីស្នាក់ការធំរបស់ខ្លួន ស្ថិតនៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រនីញ៉ា។ ក្នុងពេលនេះក៏មានពាក្យចចាមអារ៉ាមថាទូរស័ព្ទ iPhone ម៉ូដែលថ្មីទាំងនោះនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែលជា ១០០០ដុល្លារឡើងទៅផងដែរ៕

ទីស្នាក់ការថ្មីរបស់ក្រុមហ៊ុន Apple

LEAVE A REPLY

Please enter your comment!
Please enter your name here