ឃាតករដៃឆៅឃើញនារីជនជាតិគ្រឹងដេកយប់ម្នាក់ឯង ចាប់​អូស​ដៃនាំមករំលោភសេពសន្ថវៈ រួចសម្លាប់បំបិទមាត់

0
48

ខេត្តរតនគិរី៖ នារីវ័យក្មេងដេកនៅក្នុងតូចលក់ចាប់ហួយតែម្នាក់ ក៏ត្រូវឃាតករចាប់អូសដៃ នាំទៅរំលោភសេពសន្ថវៈ លុះពេលនាងមិនព្រម​ប្រគល់ខ្លួនឲ្យតាមសម្រួល ក៏ច្របាច់កសម្លាប់ចោល ហើយសាកសពរបស់នាងត្រូវក្រុមគ្រួសារប្រទះឃើញ ទាំងខ្លួនអាក្រាតកាយ បង្កឲ្យភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ នៅក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយរបស់នាង ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។


មន្ត្រីនគរបាលក្រុងបានលុង បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង មានឪពុក ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹង ហើយពួកគេរស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្ត​រតនគិរី។

បើតាមសម្ដីរបស់ឪពុកនារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់តែងតែដេក នៅក្នុងតូបលក់ចាប់ហួយតែម្នាក់ឯង ហើយពេលយប់នាងមិនសូវឡើងទៅដេកនៅលើផ្ទះ នៅខាងក្រោយជាមួយក្រុមគ្រួសារនោះឡើយ។ លុះមកដល់យប់កើតហេតុ ពួកគាត់មិនបានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍នោះដែរ។ លុះមកដល់ចន្លោះពីវេលាម៉ោង៧-៨យប់ គាត់បានចូលមកក្នុងតូបលក់ចាប់ហួយ តែមិនបានឃើញកូនដេក នៅក្នុងតូបដូចសព្វមួយដង ទើបគាត់ដើររកជុំវិញផ្ទះ ក៏នៅតែរកមិនឃើញកូនស្រីរបស់គាត់។

ឪពុករបស់នារីរងគ្រោះ បានបន្តថា បន្ទាប់ពីបាត់កូនយ៉ាងដូច្នេះ មុនដំបូងគាត់ស្មានតែនាងទៅផ្ទះមិត្តភក្ដិ លុះពេលរង់ចាំយូរ ក៏នៅតែមិនឃើញកូនស្រីត្រឡប់មកវិញ ទើបគាត់តាមរក រហូតដល់វេលាទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ស្លាប់នៅក្នុងវាលស្មៅ ក្បែរតូបលក់ចាប់ហួយ ទាំងខ្លួនអាក្រាតកាយ គួរអាណិតអាសូរបំផុត ហើយក៏រាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

មន្រ្ដីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ ទើបនៅវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំសមត្ថកិច្ចជំនាញ នគរបាលមូលដ្ឋាន អាវុធហត្ថនិងមន្ត្រីសុខាភិបាល ចុះទៅធ្វើកាន់កន្លែងកើតហេតុ។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច មន្រ្ដីជំនាញបានបញ្ជាក់ថា នៅលើសាកសពរបស់នារីរងគ្រោះ មានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុ មានស្នាមប្រតាយប្រតប់គ្នា។ ដូច្នេះនៅក្នុងអំពើឃាតកម្មនេះ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីរំលោភសម្លាប់។ បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិចគ្រឹង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវចាប់ខ្លួនជនល្មើសនាំមកផ្ដន្ទាទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here