ដំណឹង​រីករាយ! អម្ពរ ទេវី មក​ដល់​ទឹកដី​កំណើត ជា​លើក​ទី២ ដើម្បី​សម្ដែង​ភាពយន្ត​ខ្នាតធំ!

0
33

(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយនោះ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨នេះ កំពូលតារាសម្ដែងជើងចាស់ នាទសវត្សទី៨០ អ្នកនាង អម្ពរ ទេវី បានបង្ហាញខ្លួនជាលើកទី២ នៅលើទឹកដីប្រទេសកម្ពុជា ដើម្បីត្រៀមសម្ដែងខ្សែភាពយន្តខ្នាតធំមួយ មានចំណងជើងថា «ឆន្ទា» និងរឿង «កាកី» ដែលគ្រោងនឹងដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្ដរជាតិភ្នំពេញ ពេលមកដល់ភ្លាម តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានថ្លែងប្រាប់ទាំងអារម្មណ៍រំភើប និងក្ដីរីករាយថា អ្នកនាង ពិតជាត្រេកអរក្រៃលែង ពេលបានមកដល់ទឹកដីប្រទេសកម្ពុជា ជាលើកទី២ ដើម្បីថតខ្សែភាពយន្ត និងបម្រើអារម្មណ៍របស់ទស្សនិកជន សារជាថ្មី ខណៈដែលអ្នកនាង បានបែកពីបងប្អូន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទោះបីជាយ៉ាងណា អ្នកនាង អម្ពរ ទេវី មិនបានបញ្ជាក់ថា អ្នកនាង នឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលប៉ុន្មានខែ និងត្រឡប់ទៅវិញ នៅថ្ងៃណាឲ្យប្រាកដនោះទេ ប៉ុន្តែនៅក្នុងកំឡុងពេលស្នាក់នៅ និងសម្ដែងខ្សែភាពយន្តក្នុងប្រទេសកម្ពុជា អ្នកនាងនឹងឆ្លៀតពេលជួបជាមួយ នឹងតារាសម្ដែងរួមជំនាន់ របស់អ្នកនាងជាច្រើន ដែលបានបែកគ្នា អស់រយៈពេលជាយូរមកនោះ។

គួរបញ្ជាក់ថា តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជា នាវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨នេះ ដោយមានទទួលការស្វាគមន៍ រាក់ទាក់ យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកនិពន្ធដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា គឺ អ្នកស្រី ពាន់ ភួងបុផ្ផា ព្រមទាំងទទួលការស្វាគមន៍យ៉ាងរីករាយ ពីសាច់ញាតិ របស់អ្នកស្រីជាច្រើននាក់ ផងដែរ។
នេះគឺជាលើកទី ២ ដែលអ្នកស្រី អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជា ខណៈលើកទី១ អ្នកនាងមកចូលរួមសម្ដែងរឿង «ទឹកចិត្តអ្នកម្ដាយសម័យថ្មី» ដែលនិពន្ធ និងដឹកនាំសម្ដែងដោយ អ្នកស្រី ពាន់ ភួងបុប្ផា។ ចំណែកលើកទី២នេះ ត្រូវបានគេដឹងថា អ្នកស្រី អម្ពរ ទេវី មកសម្ដែងភាពយន្ត មានចំណងជើងថា «ឆន្ទា» របស់ផលិតកម្ម «Red Picture» ដែលជាស្នាដៃដឹកនាំរឿងដោយ លោក ឌៀប សុវណ្ណារ៉ា និង រឿង «កាកី» ដើម្បីបញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ ស៊ីធិអិន៕

ប្រភព៖ Khmertalking

LEAVE A REPLY

Please enter your comment!
Please enter your name here